ពិធីក្រុងពាលីសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី នៅក្រុងបាវិត ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ មានការរៀបចំពិធីក្រុងពាលីសាងសង់ក្លោងទ្វារ បូជនីយដ្ឋាន លោកយាយស្រី ប្រកបដោយភាពសិរីសួស្ដី និងបរិយាកាសរីករាយ ស្ថិតនៅក្នុងភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង លោកនាយករដ្ឋបាលស្ដីទី លោកប្រធាន និងអនុប្រធានការិយាល័យសង្គមកិច្ចក្រុង លោក លោកស្រីដែលជាសប្បុរសជន លោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ព្រមទាំងលោកយាយ-លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
ពិធីក្រុងពាលីនេះ គឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ការងារសាងសង់ក្លោងទ្វារចូលទៅកាន់បូជនីយដ្ឋាន លោកយាយស្រី ដើម្បីលើកកម្ពស់សោភ័ណភាព និងផ្ដល់ភាពងាយស្រួលដល់ពុទ្ធបរិស័ទ ក៏ដូចជាភ្ញៀវទេសចរដែលមកគោរពបូជា និងទស្សនានៅទីកន្លែងពិសិដ្ឋនេះ។
លោកអភិបាលក្រុងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធផលនេះ ព្រមទាំងបានជំរុញឲ្យគណៈកម្មការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយសម្របសម្រួល និងត្រួតពិនិត្យការងារសាងសង់ឲ្យប្រព្រឹត្តទៅដោយរលូន និងមានគុណភាពស្របតាមប្លង់ដែលបានគ្រោងទុក៕
ដោយ:ភក្ដី










No comments:
Post a Comment